ព្រឹទ្ធាចារ្យ នេត្រ ប៉េ សិល្បករចម្រៀងចាប៉ីដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាបានច្រៀងនៅក្នុងកម្មវិធី រាត្រីកម្សាន្ត របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន កាលពីឆ្នាំ២០១០ ដែលអាចឲ្យគេសង្ខេបអត្ថន័យបានថា ចាប៉ីមានអាយុកាលប្រមាណជា២៥០០ឆ្នាំមកហើយ គឺមានតាំងពីព្រះពុទ្ធមិនទាន់បានត្រាស់ម្ល៉េះ។ ការណ៍នេះមានចែងនៅក្នុងទេវកថាមួយ ដែលកាលណោះ ព្រះបរមសម្មាសម្ពុទ្ធទ្រង់ធ្វើទុក្កកិរិយាអស់កាល ៦វស្សា និង៤៩ថ្ងៃ។ កាលណោះមានទេវតាដេញពិណជាប្រស្នា សម្រាប់អោយទ្រង់ពិចារណារកផ្លូវទៅកាន់និព្វាន។ ពិណនោះមានខ្សែ៣ ខ្សែទី១ធូរ ដេញយូរមិនពីរោះ ដេញខ្សែក្រោមបង្អស់តឹងពេកវាដាច់ ទ្រង់ក៏សម្រេចយកខ្សែកណ្ដាល គឺមជ្ឈឹមាបដិទា មានន័យថាផ្លូវកណ្ដាល មិនតឹងពេកមិនធូរពេក។ ទីបំផុតព្រះអង្គក៏បានត្រាស់ដឹងជាព្រះជិនស្រី។
នៅសម័យពុទ្ធកាល គេហៅឧបករណ៍ប្រភេទនេះថា ពិណ ជាភាសាសំស្ក្រឹត ឬហៅថា វីណា ជាភាសាបាលី ឬហៅថា ចាប៉ី ជាខេមរភាសា។ ព្រឹទ្ធាចារ្យ នេត្រ ប៉េ បន្ថែមថា ចាប៉ី មកពីពាក្យ ចា (ប្រហែល វាចា) មានន័យថា វោហារ ឬសម្ដី។ ឯ ប៉ី មានន័យថា បីបមថ្នមបំពេរ។ មានន័យថា គេយកសម្ដីផ្អែមល្ហែមបីបមថ្នមបំពេរនេះ ទៅច្រៀងរួមគ្នានឹងសំឡេងខ្សែកេះ នាំអោយមានឈ្មោះថា ចាប៉ី។ដោយឧបករណ៍ខ្សែកេះនេះមានដងខ្លីនិងវែង ទើបគេហៅឈ្មោះទៅទៀតថា ចាប៉ីដងខ្លី និងចាប៉ីដងវែង[1]។
ចាប៉ីដងវែងធ្វើឡើងដោយធាតុផ្សំដូចជា ស្នូក(ប្រអប់សំនៀង) ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ដោយឡែក ក្រាញគេធ្វើអំពីឈើធ្នង់។ ឯខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង។ គេអាចយកឧបករណ៍ភ្លេងមួយនេះទៅប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងដេញទោលសម្រាប់កំដរចម្រៀងកំណាព្យ។
មិនថាប្រជាពលរដ្ឋខ្មែរ ដែលមានវ័យចំណាស់ៗនោះទេ សូម្បីយុវជនក្មេងៗក៏និយមចូលចិត្តស្តាប់ចាប៉ីដងវែងនេះណាស់ដែរ ព្រោះថា សំឡេងទ្រីងត្រែងៗ...រួមជាមួយនឹងកំណាព្យកាព្យឃ្លោង ឬកម្រងកែវពីរោះណែងណងតុបតិនប្រទាក់ក្រឡាគ្នា បានធ្វើឲ្យឥន្ទ្រិយវិញ្ញាណរបស់អ្នកស្តាប់ ឬអ្នកទស្សនាកើតបានជារូបារម្មណ៍ផ្សេងៗទៅតាមបរិយាកាស ឬតាមដំណើររឿងដែលសិល្បករបានលើកឡើង។
ដោយមើលឃើញពីចំណាស់ភាព និងគុណតម្លៃនៃសិល្បៈបុរាណខ្មែរមួយនេះក្នុងផ្នែកអប់រំវប្បធម៌ សីលធម៌ ឧបទេស និងច្បាប់ក្រម ទើបរាជរដ្ឋាភិបាលកម្ពុជាបានដាក់បញ្ចូលសិល្បៈចាប៉ីដងវែងនេះ ជាសម្បត្តិវប្បធម៌អរូបិយមនុស្សជាតិរបស់ខ្មែរយើង ដើម្បីឲ្យកូនខ្មែរគ្រប់រូបបានស្គាល់ ហើយរួមគ្នាអភិរក្ស និងអភិវឌ្ឍអោយកាន់តែឧត្តុង្គឧត្តមតរៀងទៅ៕
ដោយ លីដា អំណត់
[1] . ខ្ញុំសូមទទួលខុសត្រូវតែម្នាក់ឯង ប្រសិនណាការវិភាគនេះធ្វើអោយប៉ះពាល់ដល់សច្ចភាពនៃសិល្បៈចាប៉ីខ្មែរ។
No comments:
Post a Comment