អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Wednesday, August 17, 2016

សម័យនគរភ្នំ (ហ្វូណន)



       ក. ឈ្មោះប្រទេស
         នៅដើមគ្រឹស្តសករាជ រាជធានីរបស់ប្រទេសកម្ពុជាយើងមានឈ្មោះថា អាណាចក្រវ្នំ ឬភ្នំ។ ជនជាតិចិនហៅឈ្មោះរាជធានីនេះថា ហ្វូណន។ លោក ហ្សក សឺដេស (G. Coedes) យល់ថា ហ្វូណន ត្រូវនឹងពាក្យខ្មែរបុរាណថា វ្នំ ដែលសព្វថ្ងៃក្លាយទៅជា ភ្នំ ។ លោកយល់បែប​នេះប្រហែល​ដោយហេតុថា ស្តេចខ្មែរនៅសម័យនោះមានឋានន្តរនាមថា កុរុងវ្នំស្តេចភ្នំ ដែលជនជាតិចិន​បាន​យកឋានន្តរសក្តិនេះហៅជាឈ្មោះប្រទេសខ្មែរដែលស្តេចទាំងនោះគ្រប់គ្រង ទើបបានជាជាប់​ឈ្មោះ​ហ្វូណនៗនេះរហូតមក[1]

      ខ. ទីតាំងរាជធានី[2]
­          សម័យនគរភ្នំចាប់កកើតឡើងនៅដើមស.វទី១នៃគ.ស.។ អ្នកប្រាជ្ញមួយចំនួននៅ​មានកង្វែង​គំនិត​គ្នាពីទីតាំងនគរភ្នំនៅឡើយដូចជា៖
v  លោក វីលហ្វដ (Wilford) ថានគរភ្នំស្ថិតនៅត្រង់ប្រទេសម៉ាឡេស៊ី
v  លោក អា.រេមុសាត (A.Remusat) ថានគរភ្នំជាអាណាខេត្តមួយរបស់ចិន ស្ថិតនៅត្រង់តុងកឹង
v  លោក ខ្លាប្រថ (Klaproth) និងលោក ប៉ៅធីយែ (Pauthier) ថានគរភ្នំត្រូវនឹងដែនដីប៉េហ្គូ​ និងប្រទេសភូមា
v  លោក បាថ (Barth) ថាត្រូវនឹងឆ្នេរសមុទ្រតេណាស្សេរីម
v  ចំណែកអ្នកសិក្សាផ្សេងៗទៀតថា ប្រហែលជានៅត្រង់ប្រទេសកម្ពុជា ឬសៀមសព្វថ្ងៃ។

        ដើម្បីអស់ចម្ងល់ពីទីតាំងនៃនគរភ្នំ យើងសូមលើកយកពត៌មានតាមឯកសារ​ចិនមកបញ្ជាក់​ដូចតទៅ៖
v                        វ្នំមានចម្ងាយ៣០០០លី ខាងលិចប្រទេស លីនយី (ចម្ប៉ា)
v  វ្នំមានចម្ងាយ ៧០០០លី ពី ចេណាន ឬយូណាន (តុងកឹង)
v  វ្នំមានទំហំ ៣០០០លី ក្រោយមកពង្រីកធំដល់ទៅ ៥០០០ រឺ ៦០០០លី
v  វ្នំស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
v  មានទន្លេធំមួយហូរកាត់ពីខាងលិច ហើយហូរចាក់ទៅសមុទ្រ។
        បើសិនគិតថា ១លី មានប្រវែង ៥៧៦ ម៉ែត្រ នោះចម្ងាយពីលីនយី​មក​វ្នំ មានប្រវែង១៧២៨ គ.ម គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃនេះ ត្រង់កម្ពុជា​ក្រោមនិងថៃភាគកណ្តាល។ ឈូងសមុទ្រ​ក្នុងឯក​សារចិនគឺឈូង     សមុទ្រថៃ ឯទន្លេធំដែលហូរចាក់ទៅលិចគឺទន្លេមេគង្គ រឺទន្លេសាបនេះឯង។  ចំណែករាជធានី​ដំ​បូងរបស់នគរភ្នំ បើតាមសិលាចារឹកក្រោយៗបានអោយដឹងថារាជធានីនេះ​មានឈ្មោះថាវ្យាធបុរៈ (បុរីនៃស្តេចទាក់ដំរី )។ ចិនហៅរាជធានីនេះថាតូមូ​ ដែលលោកស៊ក សឺដេសថា តូមូនេះត្រូវនឹងពាក្យខ្មែរបុរាណថាទ្មាក់ រឺទល្មាក់(អ្នកទាក់)។ លោកយល់ទៀតថា ក្រុងវ្យាធបុរៈនេះស្ថិតនៅម្តុំបាភ្នំ និង​បាណាមក្នុងខេត្តព្រៃវែងសព្វថ្ងៃ។ ព្រះភិក្ខុ ប៉ាង ខាត់ ក៏មានព្រះយោបល់ដូច​នោះដែរ។ ព្រះអង្គបានសរសេរថា “រាជធានីវ្យាធបុរៈតាំងនៅតំបន់បាភ្នំ ទំនងជា​នៅភ្នំខ្សាច់បច្ចុប្បន្ននេះ ព្រោះគេបានរកឃើញបុរាណដ្ឋាន និងបុរាណទេវ​រូបជាច្រើន​នៅទីនោះ។ សិលាចារឹកមួយនៅវត្តចក្រឹតនៅជើងភ្នំ ពីស.វទី១០​បាននិយាយពីការកសាង​ទេវរូប​ព្រះឥសូរហៅថាអទ្រិវ្យាធបុរេស្វរៈ តម្កល់​នៅទីនោះ។ គួរសម្គាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំ​ឈើ​កាច់សព្វថ្ងៃនេះ​មានឈ្មោះភូមិទាក់ទងនឹងដំរីដូចជា ភូមិរោងដំរី ក្បាលដំរី និងព្រៃដំរី ជាដើម ”។ បណ្ឌិត មីសែល ត្រាណេ បានសរសេរក្នុងសៀវភៅ វប្បធម៌ អារ្យធម៌ អង្គរបុរី របស់ខ្លួនថា “ចំពោះទីតាំងនៃទីក្រុងអង្គរបុរី ឬវ្យាធ​បុរៈ ដែលជាទីក្រុងព្រានព្រៃ  សូមបញ្ជាក់ថា ការស្រាវ​ជ្រាវរបស់យើងបាន​បង្ហាញថា ព្រះរាជធានីដំបូងនេះ នៅខេត្តតាកែវបច្ចុប្បន្ន ពោល គឺពុំមែន​នៅខេត្តព្រៃវែងទេ” [3]

       ខ. វង្សក្សត្រក្នុងសម័យនគរភ្នំ[4]
            ក្សត្រនៅក្នុងសម័យនគរភ្នំ គឺជាតំណរាជវង្សរបស់ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី ដែលបានគ្រប់គ្រងអាណាចក្រនេះតាំងពីពាក់កណ្ដាលគ្រឹស្តសតវត្សទី១។
១. ព្រះបាទ ហ៊ុន ទៀន និង ព្រះនាង លីវ យី (គ.ស.​ ៥០­ )?
២. ព្រះបាទ ហ៊ុន ប៉ាន ហ៊ួង (គ.ស. ?)
៣. ព្រះបាទ ហ្វាន់​ ហ្វាន់ (គ.ស. ២១៧­ ដល់ ២២០)
៤. ព្រះបាទ ស្រីមារៈ រឺ ហ្វាន់ចេម៉ាន់ (គ.ស. ២២០ ដល់ ­២២៥)
៥. ព្រះបាទ ហ្វាន់ ចាន់ (គ.ស. ២២៥ ដល់ ­២៥០)
៦. ព្រះបាទ ហ្វាន់ ស៊ីយុន (គ.ស. ២៥០­ ដល់ ២៨៩)
៧. ព្រះបាទ កៅឌិញ្ញវរ័្មន (គ.ស. ៣៥៧­ ដល់ ?)
៨. ព្រះបាទ ស្រីឥន្ទ្រវរ័្មន (គ.ស. ? ដល់ ­៤៨០)
៩. ព្រះបាទ ជ័យវរ័្មន (គ.ស. ៤៨០­ ដល់ ៥១៥)
១០. ព្រះបាទ  រុទ្រវរ័្មន (គ.ស.​ ៥១៥­ ដល់ ៥៥០)

        គ. អំពីអ្នកស្រុកនៅនគរភ្នំ
             មនុស្សនៅសម័យនគរភ្នំភាគច្រើនសម្បុរខ្មៅ សក់រួញអង្គាដី ហើយច្រើនលែងខ្លួនទទេ។ អ្នកក្រ​ស្លៀកសារុងអំបោះ ហើយច្រើនដើរជើងផ្ទាល់ដី ចំណែកអ្នកមាន និងនាម៉ឺន គេស្លៀកសារុង​ចរបាប់ ហើយដើរដោយពាក់ស្បែកជើង។ អ្នកស្រុកនគរភ្នំ ភាគច្រើនសង់ផ្ទះខ្ពស់ផុតពីដី ធ្វើអំពី​ឈើ​ប្រក់ស្លឹកចាក ដោយមានរបងព័ទ្ធជុំវិញ។ ភូមិមួយអាចមានផ្ទះពី៥០ ទៅ ៦០ ដោយមានស្រះ​ទឹកមួយសម្រាប់ប្រើប្រាស់រួមគ្នា។ អ្នកស្រុកនគរភ្នំមានចិត្តស្មោះត្រង់ណាស់ មិនចេះលួចឆក់ មាន​ភាព​ប៉ិនប្រសប់ តែខិល ហើយចូលចិត្តចាប់យកមនុស្សនៅក្រុងជិតខាងដែលមិនព្រមរាប់អាន​ខ្លួន​មកធ្វើជាខ្ញុំកំដរ។ នៅពេលទំនេរ គេចូលចិត្តលេងល្បែង​ប្រជល់មាន់ និងប្រជល់ជ្រូក។
           អាណាចក្រភ្នំ ជាសង្គម ”មេនិយម” ដែលចាត់ទុកស្ត្រីជាធំទាំងក្នុងគ្រួសារ និងក្នុងសង្គម​ជាតិ។ ជាក់ស្តែងព្រះនាង លីវ យី គឺជាមេដឹកនាំនៅពេលនោះ។ ចំពោះការជ្រើសរើសគូស្រករ ប្រហែលជាស្រីទៅដណ្ដឹងប្រុស។ ចំណែកការកាន់ទុក្ខពេលមានមនុស្សស្លាប់ម្តងៗ គេតែងកោរ​សក់និងពុកមាត់។ ដោយឡែក​ ការទុកដាក់សពនៅសម័យនោះមានបួនបែបគឺ
        ១. បោះចូលទៅក្នុងទឹកទន្លេ
        ២. ដុតដោយភ្លើង
        ៣. កប់ក្នុងដី ឬថ្ម
        ៤. យកសពទៅដាក់ក្នុងព្រៃស្មសានអោយសត្វស៊ី។
        ចំពោះការកាត់ក្តី គេចូលចិត្តប្រើវិធីសម្បថ ឬវិធីអស្ចារ្យដើម្បីរកសេចក្តីពិត[5]


[1] . សូមមើល ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ភាគ១, គ.ស.១៩៧៣។
[2] . សូមមើល ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ភាគ១, គ.ស.១៩៧៣។
[3] .មីសែល ត្រាណេ, វប្បធម៌ អារ្យធម៌ អង្គរបុរី, ទំព័រ៣០។
[4] .សូមអាន ប្រវត្តិសាស្ត្រខ្មែរសង្ខេប, រៀបរៀងដោយ ហ៊ុន ធីរិទ្ធ,​២០០២,​ទំព័រ ១១ ដល់ ­១៥។
[5] . សេចក្តីពិស្តារ សូមមើល ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ភាគ១, គ.ស.១៩៧៣។

No comments:

Post a Comment