ប្រាសាទបាយ័ន បេះដូងនៃរាជធានីអង្គរធំ
គឺជាមហាសំណង់ដ៏អស្ចារ្យមួយក្នុងចំណោមមហាសំណង់ផ្សេងៗទៀតក្នុងខេត្តសៀមរាប។ ប្រាសាទមួយនេះស្ថិតនៅចំកណ្ដាលទីក្រុងអង្គរធំ
ដែលគេហៅថា ជាផ្ចិតនៃរាជធានី។ មហាសំណង់ដ៏អស្ចារ្យនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២
និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៩)។
ខុសពីបា្រសាទដទៃទៀតដែលតែងតែសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា
បាយ័នជាប្រាសាទធំជាងគេបំផុតដែលបានសង់ឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
គេដឹងរឿងនេះដោយសារ នៅគ.ស.១៩២៤ លោក ហង់រី ប៉ាម៉ង់ទីយេ (Henri
Parmentier) អ្នកស្រាវជ្រាវជនជាតិបារាំង
បានរកឃើញចម្លាក់រូបព្រះពោធិសត្វលោកេស្វរៈ នៅហោជាងនៃថែវប្រាសាទ។ ក្រោយមក នៅគ.ស.១៩២៥
លោកល្វី ហ្វីណូត (Louis Finot) បានសរសេរថា “នៅចំពោះមុខសាក្សីរូបចម្លាក់ដ៏ច្បាស់ក្រឡែតនេះ យើងអាចសន្និដ្ឋានបានថា
ប្រាសាទបាយ័ន ពុំមែនឧទ្ទិសដល់ព្រហ្មញ្ញសាសនាទេ តែជាប្រាសាទពុទ្ធសាសនា
ឧទ្ទិសដល់ពោធិសត្វលោកេស្វរៈ[1]។
នៅឆ្នាំ១៩៣២ គេបានរកឃើញពុទ្ធបដិមានាគប្រក់ដ៏ធំមួយអង្គនៅប្រាង្គកណ្ដាលនៃប្រាសាទនេះ ដែលធ្វើអោយគេសន្និដ្ឋានថា
នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានការផ្លាស់ប្តូរពីលទ្ធិទេវរាជទៅលទ្ធិពុទ្ធរាជ។
រឿងនេះវាជាការពិត ព្រោះថា ព្រះបាទជ័យវរ្ម័នទី៧ និងមហេសីទាំងពីរព្រះអង្គ
គឺជាពុទ្ធសាសនិក ដែលបានដឹកនាំប្រទេសតាមបែបពុទ្ធសាសនា។
ហេតុនេះហើយបានជាប្រាសាទបាយ័នមានមុខបួនដែលតំណាងអោយព្រហ្មវិហារធម៌នេះឯង។
ប្រាសាទនេះមានតួប៉មឬប្រាង្គ
៤៩កំពូល និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងអោយខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ កំពូលនីមួយៗមានមុខបួន
ដែលអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង៤នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ
អ្នកខ្លះទៀតគិតថា ជារូបតំណាងព្រះភក្ត្រព្រះបាទជយវរ្ម័នទី៧។ ឯអ្នកខ្លះទៀតគិតថា
ព្រះភក្ត្រទាំងបួននោះតំណាងអោយព្រហ្មវិហារធម៌ទាំងបួនមាន មេត្តា ករុណា មុទិតា
និងឧបេក្ខា។ ប្រាសាទបាយ័នមានប្លង់៤ថ្នាក់ ហើយមុខព្រហ្មទាំង៤នៃកំពូលប្រាង្គតាមថ្នាក់នីមួយៗ
តំណាងអោយព្រហ្មវិហាររបស់របស់វណ្ណៈ៤គឺ ព្រហ្មវិហារធម៌របស់ព្រះមហាក្សត្រ មន្ត្រី
មាតាបិតាឬគ្រូអាចារ្យ និងអ្នកការពារជាតិ(កងទ័ព)។
មុខព្រហ្មថ្នាក់ទី១
(ថ្នាក់ទី១ រាប់ពីលើចុះមកក្រោម) ដែលខ្ពស់ជាងគេ ធំជាងគេ កណ្ដាលគេ
គឺតំណាងអោយព្រហ្មវិហារធម៌របស់ព្រះមហាក្សត្រចំពោះអ្នកខាងក្រោម មានមន្ត្រីរាជការ
ប្រជានុរាស្ត្រ និយាយរួមគឺចំពោះប្រទេសជាតិទាំងមូល។
មុខព្រហ្មថ្នាក់ទី២
(ថ្នាក់ទី២ រាប់ពីលើចុះមកក្រោម) តំណាងអោយព្រហ្មវិហារធម៌ និងគតិធម៌៤ របស់សេនាបតី
មន្ត្រីរាជការ អាមាត្យ បុរោហិត ចំពោះអ្នកក្រោមឱវាទ និងប្រជានុរាស្ត្រ។
មុខព្រហ្មថ្នាក់ទី៣
(ថ្នាក់ទី៣ រាប់ពីលើចុះក្រោម) តំណាងអោយព្រហ្មវិហារធម៌
និងគតិធម៌ទាំង៤របស់អ្នកទទួលខុសត្រូវក្នុងសង្គមដូចជា មាតាបិតា ញាតិកា គ្រូអាចារ្យ
ចៅហ្វាយ នាយកើយ ចំពោះកូនចៅ ផៅសន្តាន។
មុខព្រហ្មថ្នាក់ទី៤
(មុខព្រហ្មនៅលើខ្លោងទ្វារ និងកំពែងព័ទ្ធជុំវិញ) តំណាងអោយព្រហ្មវិហារធម៌
និងគតិធម៌របស់អ្នកយាម អ្នកការពារប្រទេស មានកងទ័ព
ទាហានគ្រប់ប្រភេទដែលត្រូវមានធម៌ទាំង២នេះជាប់ខ្លួនជានិច្ច
ទើបការបម្រើជាតិប្រកបដោយគុណធម៌ និងសេចក្តីសុខសប្បាយ។
ជារួមមក
ព្រះភក្ត្រញញឹមនៅលើប្រាង្គទាំង៥៤នៃប្រាសាទបាយ័ន
គឺតំណាងអោយយន្តការដឹកនាំពីថ្នាក់លើមកដល់ថ្នាក់ក្រោម ទូទាំងអាណាខេត្តទាំងអស់ក្នុងសម័យរបស់ព្រះបាទជ័យវរ្ម័នទី៧នេះឯង៕
រៀបរៀងដោយ លីដា អំណត់
No comments:
Post a Comment