អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Friday, August 12, 2016

ប្រាសាទព្រះវិហារ




 

ប្រាសាទ​ព្រះវិហារ ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះបណ្ដែតខ្លួននៅ​លើកំពូលភ្នំព្រះវិហារដែលមានកម្ពស់៦២៥ម៉ែត្រ​ តាមបណ្ដោយខ្នងភ្នំ​ដងរែក។ ភ្នំ​នេះ​មាន​លក្ខណៈ​ចោតខ្លាំង​មកខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ទៅខាង​ប្រទេស​ថៃ​។ ប្រាសាទព្រះវិហារមានបរិមាត្រ ៨០០ គុណ​នឹង ៤០០ ម៉ែត្រ ហើយស្ថិតនៅរយៈកម្ពស់ខ្ពស់ដែលអាចអោយគេមើលឃើញទិដ្ឋភាពដ៏អស្ចារ្យ។ ប្រាសាទនេះមាន​ចម្ងាយ​  ៤០៥ ​គី​ទ្បូ​ម៉ែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំក្សាន្ត​។ 

ប្រាសាទនេះបាន​សាងសង់​ឡើង​នៅ​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១២ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ​(១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (១០៨០-១១០៩)​។ គេពុំបានដឹង​ ថាស្តេចនីមួយៗបានកសាង និងបន្តកសាងនៅឆ្នាំណាអោយប្រាកដនោះទេ គេគ្រាន់តែដឹងថា ប្រាសាទនេះត្រូវបានកសាង និងបន្តកសាងពីជំនាន់មួយទៅជំនាន់មួយអស់រយៈពេលជាច្រើនឆ្នាំ។ 

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ព្រះនាម ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ ជាពិសេស​ព្រះបាទ សូរ្យ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ ដែលព្រះអង្គមានជំនឿទៅលើមហិទ្ធិឫទ្ធិ​របស់អាទិទេពអង្គនេះ។ ដូច្នេះ ​ត្រូវ​តែបន់​ស្រន់ គោរព​បូជាលិង្គអាទិទេពអង្គនេះជា​ដាច់​ខាត។ ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះជាកន្លែង​ដែល​ព្រះមហាក្សត្រ​ជួបជាមួយនឹងអាទិទេព ដែល​មាន​លិង្គ​ជា​តំណាង ហើយមាន​មហិទ្ធិឫទ្ធិ​អស្ចារ្យ។ គេ​ជឿ​ថា លិង្គនេះនឹងនាំមកនូវ​ភោគ​ផល និង​សេចក្តី​សុខ​ចម្រើនមក​ដល់​ប្រទេស​ខ្មែរ។ ប្រាសាទ​ភ្នំ​ព្រះវិហារ​​មិនមែន​ជា​ទីកន្លែង​សម្រាប់​ព្រះរាជា​គង់​នៅ​ទេ  ហើយក៏មិនមែនជា​ទីភូមិឋាន​សម្រាប់​ប្រជាពលរដ្ឋ​ដែរ តែ​កន្លែង​សម្រាប់​អ្នកបួស ដែលព្រះមហាក្សត្រអោយ​ចូល​មក​តាំង​សីល ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​អាទិទេពនេះត​ទៅ​ទៀត។ ​

បើគិត​ចាប់​ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ប្រហែល ៨០៤​ម៉ែត្រ។ មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លង​កាត់​ខ្លោង​ទ្វារចំនួន៥។ ទីតាំង​​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់ ៦២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា វាជា​កន្លែង​ដែលគេរក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះឯង។​

គួរចងចាំថា ប្រាសាទ​ព្រះ​វិហារ​ត្រូវបាន​​ពួក​អាណានិគម​បារាំងប្រគល់ទៅអោយប្រទេសថៃកាន់កាប់ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ព្រះបាទនរោត្តម សីហនុ ទាមទារ​បាន​មក​វិញ ដោយសាលក្រម​តុលាការ​អន្តរជាតិ​ក្រុង​ទ្បាអេ សម្រេច​អោយ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្ដី​លើប្រទេសថៃក្នុងវិវាទ​​​ប្រាសាទ​​ព្រះវិហារនេះ​​នៅថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២។ លុះថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេប៊ិក ប្រទេស​កាណាដា​៕


លីដា អំណត់

No comments:

Post a Comment