អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Wednesday, August 17, 2016

មជ្ឈមណ្ឌលឯកសារកម្ពុជា



ប្រវត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា[1]
            មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតឡើងដំបូងដោយអ្នកស្រាវជ្រាវជាន់ខ្ពស់របស់សាកល​វិទ្យាល័យ (YaLe University) សហរដ្ឋអាមេរិក[2]។ នៅឆ្នាំ១៩៩៤ សភាអាមេរិកបានអនុម័ត​ច្បាប់​តុលាការ​ស្តីពី អំពើប្រល័យ​ពូជសាសន៍​ខ្មែរ និងបានផ្តល់ជំនួយដល់​កម្មវិធីស្រាវជ្រាវ  ការប្រល័យពូជសាសន៍​ខ្មែរ របស់​សាកល​វិទ្យាល័យ​យ៉េល។ បន្ទាន់នៅខែមករា ឆ្នាំ១៩៩៥ កម្មវិធីនេះត្រូវគាំទ្រដោយរដ្ឋាភិបាល​កម្ពុជា និងបានបង្កើតការិយាល័យ​មជ្ឈមណ្ឌល​​ឯកសា​រ​កម្ពុជា​មួយ​នៅ​រាជធានីភ្នំពេញ ដែលមានទីតាំង​ស្ថិត​នៅតាមបណ្ដោយមហាវិធីព្រះសីហនុ ខាងកើតវិមានឯករាជ្យ ក្រោមការដឹកនាំរបស់មន្រ្តីកម្មវិធី គឺលោក ឆាំង យុ​ ដែលបាន​រស់រានមានជីវិតពីរបបខ្មែរក្រហម។ ចាប់ពីឆ្នាំ១៩៩៥ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ មជ្ឈមណ្ឌលឯកសារកម្ពុជា​គ្រាន់តែជាការិយាល័យ​មួយរបស់កម្មវិធី ការប្រល័យពូជសាសន៍​ខ្មែរ នៃ​សាកល​វិទ្យាល័យ    យ៉េល តែប៉ុណ្ណោះ។ ក្រោយមក ស្ថាប័ននេះក៏ក្លាយជា​អង្គការ​ឯករាជ្យ​​មិន​មែនរដ្ឋាភិបាល។

            សូមជម្រាបជូនថា មជ្ឈមណ្ឌលឯកសារកម្ពុជា ជាអង្គការមិនរកប្រាក់ចំណូល​ និងជា  អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ឬនយោបាយ ហើយក៏មិនមែនជារូបកាយតុលាការដែរ។ មជ្ឈមណ្ឌលនេះត្រូវបាន​គេ​ទទួល​ស្គាល់ថាជាគ្រឹះស្ថានឯករាជ្យ និងអព្យាក្រឹតនៅក្នុងប្រទេសកម្ពុជា​ ដែលបាន​ផ្សព្វ​ផ្សាយ​ស្តីពីរបប​ខ្មែរក្រហម ដោយផ្អែកលើការស៊ើបអង្កេតមិនលម្អៀងទៅលើអង្គហេតុ និងប្រវត្តិសាស្រ្ត។ ឥឡូវនេះ មជ្ឈ​មណ្ឌលឯកសារកម្ពុជា ត្រូវបានដំណើរការទាំងស្រុងដោយ   មានការគាំទ្រពីប្រជាជនកម្ពុជា អ្នកប្រាជ្ញ និងអ្នកជំនាញនៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។

            បច្ចុប្បន្ន មជ្ឈមណ្ឌលនេះមានបណ្ណសារធំបំផុតនៅលើពិភពលោក ស្តីពីសម័យខ្មែរ​ក្រហម​​ ដោយប្រមូលបានជាង ១លានឯកសារ ហើយក្នុងនោះ ៨០% ជាភាសាខ្មែរ។ ឯកសារទាំងនោះ​សរុប​មានជាង ១៥៥ ០០០ទំព័រ និងរូបថត ៦០០០សន្លឹក។ មជ្ឈមណ្ឌលឯកសារ​កម្ពុជា​បានធ្វើការជាច្រើន​លើការស្រាវជ្រាវ ការផ្សព្វផ្សាយ និងលើគម្រោងអប់រំ ដែលលទ្ធផល​ទាំងនោះ  ត្រូវបានបោះ​ពុម្ពជា​សៀវភៅជាច្រើនស្តីពីរបបខ្មែរក្រហម ហើយដែលបានផ្តួច​ផ្តើម​ការអប់​រំ​​ពីរបបប្រល័យ​ពូជសាសន៍ជាតិ និងសេវាកម្មគាំទ្រសម្រាប់ជនរងគ្រោះ​ និងអ្នកនៅរស់រាន​មាន​  ជីវិតពីរបបខ្មែរក្រហ​មយ៉ាងសកម្មផងដែរ។ 

អំពីបេសកកម្ម
            មជ្ឈមណ្ឌលឯកសារកម្ពុជាមានគោលដៅ២។ ទី១ គឺការកត់ត្រា​និងអភិរក្សប្រវត្តិសាស្រ្ត​នៃ​របបខ្មែរ​ក្រហមសម្រាប់ជំនាន់នាពេលអនាគត។​ ទី២ គឺដើម្បីចងក្រងនិងរៀបចំព័ត៌មាន​ដែល​អាចបម្រើជាភស្តុតាង​ដ៏មានសក្តានុពល នៅក្នុងគណនេយ្យភាពផ្លូវច្បាប់ចំពោះឧក្រិដ្ឋកម្ម​នៃរបប​ខ្មែរ​ក្រហម។ គោលបំណង​ទាំងនេះតំណាងឱ្យការផ្សព្វផ្សាយពីការចងចាំ និងសុចរិត​ភាពដែលជាគ្រឹះសំខាន់បំផុតសម្រាប់នីតិរដ្ឋ និងការផ្សះផ្សាជាតិពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។
           
អំពីផែនការនាពេលអនាគត
ក្នុងឆ្នាំ២០០៨ ក្រសួងអប់រំបានផ្ដល់ឱ្យមជ្ឈមណ្ឌលឯកសារកម្ពុជានេះនូវដីសរុបចំនួនប្រមាណ ៤៨០០ហ្វីតការ៉េ (៤៥០ម៉ែត្រការ៉េ) ស្ថិតនៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គ្រោងនឹងសាងសង់ជាស្ថាប័នស្រាវជ្រាវអចិន្រ្តៃយ៍មួយនៅរាជធានីភ្នំពេញ និងធ្វើការផ្លាស់ប្តូរ​ឈ្មោះរបស់ខ្លួនទៅជាវិទ្យាស្ថានស្លឹករឹត។ វិទ្យាស្ថានស្លឹករឹតនេះនឹងពង្រីកលើមុខងារដើម​របស់មជ្ឈមណ្ឌល​ឯកសារកម្ពុជា ដោយការបញ្ចូលឱ្យមាននូវសារមន្ទីរ     បណ្ណាល័យ សាលមហោស្រព និងផ្តល់ជូនវគ្​គសិក្សា​ដល់សាធារណជន ពីអំពើប្រល័យពូជសាសន៍ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ៕
គំរូប្លង់វិទ្យាស្ថាន ស្លឹករឹត រចនាដោយអ្នកស្រី ZAHA HADID

[1] . ប្រែសម្រួលពី HISTORY AND DESCRIPTION OF DC-CAM
[2] . សូមចូលទៅកាន់ https://www.youtube.com/watch?v=TBWM4sMHND0 បទយកការណ៍៖ មជ្ឈមណ្ឌលឯកសារកម្ពុជា របស់ស្ថានីយទូរទស្សន៍ PNN

No comments:

Post a Comment