អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Wednesday, August 17, 2016

ពហុកីឡដ្ឋានជាតិអូឡាំពិក


         ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៦៣។ វាអាចផ្ទុកអ្នកទស្សនាបាន​ចំនួន​ជាង៥ម៉ឺននាក់។ វាត្រូវបានរចនាប្លង់ឡើងដោយ​ស្ថបត្យករខ្មែរដ៏ល្បីល្បាញគឺលោក វណ្ណ ម៉ូលីវណ្ណ។ ដើមហេតុ​ដែលនាំអោយ​មាន​ការកសាងពហុកីឡដ្ឋាន​នេះឡើងគឺដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡា ឧបទ្វីបអាស៊ីអាគ្នេយ៍ (សព្វថ្ងៃដូរ​ទៅជាកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម) នៅឆ្នាំ១៩៦៣។ ប៉ុន្តែ កាលនោះ ព្រឹត្តិការណ៍នេះត្រូវ​បានលុប​ចោលទៅ​វិញដោយសារបញ្ហា​នយោបាយកម្ពុជា។ ក្រោយមក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦៤ វាត្រូវបានសម្ពោធ​ដាក់​អោយប្រើប្រាស់ជាផ្លូវការ។
            នៅសម័យខ្មែរក្រហម កីឡដ្ឋាននេះបានក្លាយទៅជាគុកសម្រាប់ឃុំឃាំងមន្ត្រីរដ្ឋបាលសម័យ លន់ នល់ ហើយបានវារងការទ្រុឌទ្រោមអស់ច្រើទសវត្សរ៍។ ​ក្រោយ​មកទៀត នៅ​ឆ្នាំ​២០០០ ពហុកីឡដ្ឋាននេះ​ត្រូវ​បាន​អភិវឌ្ឍ​ជួសជុល​ឡើង​វិញ​​ដោយ​ក្រុមហ៊ុន Yuanta Group របស់តៃវ៉ាន់ ហើយថែមទាំងបាន​សាងសង់​ផ្ទះ​ល្វែង និង​ស្តង់​លក់​ទំនិញ​នៅ​ជុំ​វិញទៀតផង ដែលជាហេតុធ្វើអោយមាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សាធារណជន​ទូទៅ។
            ពហុកីឡដ្ឋាន​​នេះគឺជាកម្មសិទ្ធិរដ្ឋ ហើយធ្លាប់ត្រូវ​បាន​ប្រើប្រាស់​​ជា​កន្លែង​ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋ​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន ​ជា​កន្លែង​ប្រារព្ឋ​ពិធី​ផ្សេង​ៗ​របស់​រដ្ឋ និង​​ជា​កន្លែង​ហ្វឹកហ្វឺន​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា។ ចាប់​ពី​ឆ្នាំ​២០០៧ ពហុកីឡដ្ឋាននេះ​ជា​ទី​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​​​ក្រុងភ្នំពេញ ដែល​តែង​តែ​មក​ហាត់​ប្រាណ ​លេង​កីឡា​បាល់​ទាត់​ និង​​​កីឡា​ផ្សេង​ៗ​ទៀត​ជា​រៀង​រាល់​ថ្ងៃ។ នៅខែវិច្ឆិកា-ធ្នូ ឆ្នាំ២០០៧ អង្គការ​កីឡា​បាល់​ទះ​ជន​ពិការ​ពិភពលោក​​បាន​ប្រារព្ធ​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក​របស់​ខ្លួន​នៅ​ពហុកីឡដ្ឋាន​នេះ ហើយ​នោះ​ជា​លើក​ទី​មួយ​​ដែល​ប្រទេស​កម្ពុជា​​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ។ មកដល់ឆ្នាំ២០១៦ សន្ទុះនៃការគាំទ្រកីឡាបាល់ទាត់កម្ពុជាបានកើនឡើងជាលំដាប់រហូតបានក្លាយទៅជាប្រទេសដែលមានអ្នកគាំទ្រកីឡាបាល់ទាត់ច្រើនលំដាប់លេខ២នៅទ្វីបអាស៊ី បន្ទាប់ពីប្រទេសជប៉ុន៕
ដោយ លីដា អំណត់