អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Friday, July 8, 2016

ប្រភពកាព្យខ្មែរ



សិលាចារឹកជ័យនន្ទ K38


នៅទីនេះខ្ញុំសូមមិននិយាអោយវែងឆ្ងាយចូលជ្រៅទៅដល់របៀប ក្បួនខ្នាត វិធីតែង លក្ខណៈ​ពិសេស រូបារម្មណ៍ និងបញ្ហាផ្សេងៗទាក់ទងនឹងកំណា​ព្យខ្មែរទេ  គឺគ្រាន់តែសាក​ល្បង​និយាយពីប្រភព ឬកំណើតដែលកាព្យខ្មែរបានកកើតឡើងតែប៉ុណ្ណោះ  ពីព្រោះខ្ញុំពុំមាន​ចំណេះ​ដឹងឯណាគ្រប់គ្រាន់នឹងធ្វើការវិភាគអំពីរឿងរ៉ាវទាំងអស់នេះនោះទេ។​                                
កាព្យ (ន) (បា.សំ. កាវ្យ) របៀបពាក្យចួនមានឃ្លោងឃ្លា[1]។ កាព្យ គឺជាកម្រងពាក្យដែល​មានសូររណ្ដំ ចួន ផ្ទួន ណែងណងតុបតិនប្រទាក់ន័យគ្នា។
កំណាព្យ មកពីផ្នត់ជែក [-អ'ម/ណ-] បូកនឹងពាក្យឫស កាព្យ។ កំណាព្យ គឺជាពាក្យ​​កាព្យ ការតែងកាព្យ ឬការសរសេរពាក្យចួន ពីរោះរណ្ដំ។
កំណាព្យ គឺជាកម្រងពាក្យសម្ដី ដែលមានការចាប់ចុងចួន ពីរោះរណ្តំ ណែងណង មាន​ឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គជាកំណត់...ចេញពីទឹកចិត្តរំភើប និងធ្វើអោយអ្នក​ផង​រំភើបជាមួយ[2]
អ្នកខ្លះថា កំណាព្យខ្មែរមានប្រភពមកពីមូលដ្ឋានឆន្ទៈសំស្ក្រឹត និងបាឡី (កាព្យនៃ​ភាសា    សំស្ក្រឹត និងបាឡី)។ ការអះអាងបែបនេះក៏ជាការសមរម្យម្យ៉ាងដែរ ព្រោះតាំងពីដើម​រហូត​មក​ដល់​ពាក់កណ្ដាលខាងដើមនៃសម័យអង្គរ យើងពុំទាន់បានរកឃើញ​ឯកសារកាព្​យណាមួយដែលសរសេរជាភាសាខ្មែរទេ។ តាមរយៈសិលាចារឹក យើងបានជួបប្រទះអត្ថ​បទ​​​កាព្យ​យ៉ាងច្រើនប្រកបដោយពាក្យពេចន៍ និងសំនួនវោហារល្អអស្ចារ្យ ដែលអ្នកប្រាជ្ញបច្ចុប្បន្​នទទួលស្គាល់ថា វាជាស្នាដៃឯករបស់កវីខ្មែរពិតៗ ប៉ុន្តែអត្ថបទទាំងនោះសុទ្ធតែបានសរសេរជា​ភាសាសំស្រ្ដឹត។ មានសិលាចារឹកមួយដែលចារជាភាសាខ្មែរតាំងពីគ.ស.៦១១ មកម្ល៉េះ(សិលា​ចារឹក​ទួលវត្តគំនូរ) តែវាមិនមែនជាអត្ថបទកាព្យទេ វាជាអត្ថបទពាក្យរាយ ហើយអត្ថ​បទពាក្យ​រាយនេះទៀតសោតគ្រាន់តែជាបញ្ជីឈ្មោះទាសាទាសីឬពលព្រះ និងតង្វាយ​ផ្សេងៗដែល​សរសេរ​​នៅពីក្រោមអត្ថបទភាសាសំស្រ្កឹត។ អ្នកប្រវត្តិសាស្ត្រទើបតែបានរកឃើញអត្ថបទ​កាព្យ​ដែលសរសេរជាភាសាខ្មែរដំបូងគេនៅលើសិលាចារឹកជ័យនន្ទក្នុងគ.ស.​១៧០១[3]។ ហេតុផល​ទាំងនេះហើយដែលធ្វើអោយគេសន្និដ្ឋានថា កំណាព្យខ្មែរមានមូលដ្ឋានចេញមកពី​ឆន្ទៈ​សំស្ក្រឹត​​​និងបាឡី។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿថា កំណាព្យខ្មែរបានកើតឡើងតាំងពីមុនពេល​ដែល​ឥទ្ធិ​ពលវប្បធម៌​ និងអក្សរសាស្ត្រសំស្ក្រឹតបាឡីចូលមកដល់ស្រុកខ្មែរទៅទៀត ព្រោះថា​កំណាព្យ​ខ្មែរច្បាស់ជាកើតឡើងក្នុងតំណរយៈកាលនៃការងារផលិតកម្ម (ភាសា អក្សរ ចម្រៀង របស់របរ) របស់មនុស្សខ្មែរ។ កំណាព្យជាផ្នែកមួយនៃអក្សរសិល្ប៍។ ប្រភពនៃអក្សរសិល្ប៍កើត​ចេញពីពលកម្ម។ ហេតុនេះ កំណាព្យខ្មែរអាចកើតឡើងតាំងពីមនុស្សខ្មែរមានភាសា អក្សរ និងពលកម្ម។ ប្រវត្តិសាស្រ្ដបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរជាជនជាតិម្ចាស់ស្រុកមានកំណើត​ជា​យូរលង់ណាស់ហើយ គឺមុនដែលព្រះបាទកៅណ្ឌិន្យនាំអរិយធម៌ឥណ្ឌាមកផ្សព្វផ្សាយម្ល៉េះ។ ដូចនេះ ខ្មែរពិតជាមានភាសា មានចម្រៀង មានកំណាព្យ មានរបាំ តាំងពីមុនឥណ្ឌាចូល​មក​ទៅទៀត។ ប្រសិនបើគ្មានវិញ តើក្នុងទំនាក់ទំនង ឬការសំដែងមនោសញ្ចេតនាផ្សេងៗ ជន​ជាតិ​​ខ្មែរពេលនោះយកភាសាអ្វីមកប្រើ? ភស្ដុតាងឥតប្រកែកបានមួយទៀតគឺ កុលសម្ពន្ធជន​ជាតិភាគតិចខ្លះៗដូចជា ព្នង គួយ នៅតែពុំព្រមទទួលយកអរិយធម៌ឥណ្ឌា រហូតមកដល់​សព្វថ្ងៃ​ដោយគេរក្សាបាននូវរបាំចម្រៀងផ្ទាល់របស់គេ។ ឆន្ទៈសំស្រ្ដឹតដែលបានចូលមក​ស្រុក​ខ្មែរ​គ្រាន់តែជាកត្ដាសម្រាប់ពិគ្រោះក្នុងការរៀប​ចំ​កែលម្អក្បួនកំណាព្យខ្មែរ អោយបានត្រឹមត្រូវ​ប៉ុណ្ណោះ ហើយកំណាព្យខ្មែរយើងក៏មានលក្ខណៈប្លែកស្រឡះពីកំណាព្យសំស្រ្កឹតដែរ។
ហេតុនេះ ខ្ញុំសន្និដ្ឋានថា កំណាព្យខ្មែរបានកើតឡើងក្នុងបរិបទវប្បធម៌នៃមនុស្ស​ខ្មែរ​តាំង​ពីមុនសម័យនគរភ្នំទៅទៀតឯឆន្ទៈសំស្ក្រឹតដែលបានចូលមកគ្រាន់តែជាសូចនាករ​ធ្វើ​អោយ​​កំណាព្យខ្មែរកាន់តែល្អប្រសើរតែប៉ុណ្ណោះ៕




[1] . ពុទ្ធសាសនបណ្ឌិត្យ, វចនានុក្រមខ្មែរ, ១៩៦៧។
[2] . ពេជ្រ ទុំក្រវ៉ិល, សិល្បៈតែងកំណាព្យ, បោះពុម្ពឆ្នាំ ២០១១។
[3] . សូមមើល លី សុមុនី, កំនាព្យខ្មែរ, ២០០៦។

No comments:

Post a Comment