អក្សរសិលាចារឹកទួលវត្តគំនូរ k៦០០
ជាតិសាសន៍ណាក៏ដូចជាតិសាសន៍ណាដែរ គឺតែងតែបានទទួលឥទ្ធិពលលើផ្នែកអក្សរសាស្ត្រ
ភាសា និងវប្បធម៌អរិយធម៌ពីគ្នាទៅវិញទៅមកតាមរយៈទំនាក់ទំនង។ ដើមឡើយ
អក្សរមានកំណើតចេញពីប្រភពតែមួយប៉ុណ្ណោះលុះក្រោយមកក៏បានបែងចែកទៅជាអក្សរផ្សេងៗគ្នាដូចភាសា
និងក្រុមមនុស្សដែរ។ ការបែងចែកនេះ វាអាស្រ័យទៅនឹងការបែងចែកតំបន់រស់នៅ ពេលវេលា
និងគំនិតច្នៃប្រឌិតរបស់ជាតិពន្ធុនីមួយៗ។ ឆ្លងកាត់ដំណើរវិវត្តជាច្រើនពាន់ឆ្នាំ
នាំអោយមនុស្សបង្កើតបានជាតិសាសន៍ ភាសា អក្សរ និងវប្បធម៌ផ្សេងៗគ្នាពាសពេញពិភពលោក។
នៅប្រមាណ៤០០០ឆ្នាំមុនគ.ស
ជនជាតិអេស៊ីបបានបង្កើតរូបនិងគំនូសផ្សេងៗតាង
អោយមនុស្ស សត្វ វត្ថុ និងអ្វីៗដែលពួកគេចង់និយាយ។ រូប
និងគំនូសទាំងអស់នេះហៅថា សក្តិលេខ[1]។
លុះដល់ប្រមាណ២០០០ឆ្នាំមុនគ.ស ចិនបានបង្កើតសក្តិលេខដែរ តែសក្តិលេខចិនមានលក្ខណៈស៊ីជម្រៅជាងអេស៊ីប[2]។
ក្រោយមកទៀត ប្រវត្តិវិទូបានស្រាវជ្រាវរកឃើញថា ជនជាតិហ្វេនីស៊ី (Phenicien) ជាអ្នកដែលបានបង្កើតអោយមានតួអក្សរជាដំបូងគេបង្អស់
ហើយអក្សរហ្វេនីស៊ីនេះបានផ្តល់កំណើតអោយមានជាអក្សរផ្សេងៗទៀតក្នុងលោកដូចជា អក្សរក្រិក
អក្សរឡាតាំង អក្សរព្រាហ្មីនៅឥណ្ឌាជាដើម។ អក្សរព្រាហ្មីនេះបានកើតឡើងនៅប្រមាណ១០០០ឆ្នាំមុនគ.ស
ដែលពួកព្រាហ្មណ៍គិតថាអក្សរនេះបង្កើតឡើងដោយអទិទេព។ អក្សរព្រាហ្មីនេះបានផ្តល់កំណើតអោយផ្សេងៗជាច្រើនទៀតនៅប្រទេសឥណ្ឌា
ហើយក្នុងចំណោមនោះ អក្សរទេវនាគរី ត្រូវបានគេស្គាល់ច្រើនជាងគេ និងត្រូវបានគេយកមកកត់ត្រាភាសាសំស្ក្រឹត។
លុះមកដល់ស.វ.ទី១នៃគ.ស. ឥណ្ឌាបានបង្ហូរឥទ្ធិពលរបស់ខ្លួនចូលមកអាណាចក្រខ្មែរតាមរយៈព្រះបាទកៅណ្ឌិន្យ ឬព្រះបាទហ៊ុនទៀន ដែលបានមក សោយរាជ្យនៅនគរភ្នំ។
ស្តេចអង្គនេះប្រហែលជាបាននាំមកនូវសាសនា វប្បធម៌ នយោបាយ ភាសា អក្សរសាស្ត្របែបឥណ្ឌាចូលមកយ៉ាងច្រើន
ជាហេតុធ្វើអោយខ្មែរសម័យនោះបានធ្វើអក្ខរោបនីយកម្ម[3]ពីអក្សរព្រាហ្មី
ដើម្បីកត់ត្រាសូរសៀងភាសាខ្មែរ និងសំស្ក្រឹត
ម្យ៉ាងដើម្បីអោយស៊ីសង្វាក់នឹងសាសនាដែលប្រើភាសាបាឡីសំស្ក្រឹតផងដែរ។ មានភស្តុតាងខ្លះទៀតថា
អក្សរខ្មែរបុរាណតាំងពីសម័យនគរភ្នំមានសណ្ឋានដូចអក្សរនៅឥណ្ឌាខាងទក្ខិណាបថ គឺអក្សរនៅសម័យបល្លវៈ
និងចាលុក្យៈ ដែលជាអក្សរព្រាហ្មី[4]។
អ្នកប្រាជ្ញបារាំងលោក អូហ្គូសបាថ៌ បានសរសេរប្រៀបធៀបអក្សរខ្មែរយើងថា៖
1. អក្សរចារឹកនៃព្រះបាទស្រីមារៈ នៅវ៉ូកាញ់
ដូចអក្សរនៃសិលាចារឹករបស់ព្រះបាទ រុទ្រទាមន៍នៅគិរនារ រឺដូចអក្សរនៃសិលាចារឹកសាតកណ៍ វាសិម្ធីបុត្រ
នៅកាន់ហេរី
2.
អក្សរនៃសិលាចារឹកហាន់ជ័យ
ខេត្តកំពង់ចាម ដូចនឹងអក្សរនៃសិលាចារឹក បាបបាថ នៅបត្តកល
3. អក្សរនៃសិលាចារឹកបាយ៉ាំង ខេត្តតាកែវ ដូចគ្នានឹងអក្សរនៃសិលាចារឹក
មង្គលីក នៅបាទាមិ[5] ។
នៅស.វទី៧ មហាសករាជ៥៣៣ ត្រូវនឹងគ.ស.៦១១
អក្សរខ្មែរកម្លាយពីអក្សរព្រាហ្មីនេះមានវត្តមាននៅលើសិលាចារឹកទួលវត្តគំនូរដែលជាសិលាចារឹកភាសាខ្មែរចាស់ជាងគេ (សិលាចារឹកភាសាខ្មែរដែលមានកាលបរិច្ឆេទ)
និងនៅលើសិលាចារឹកវត្តស្វាយចេកដែលអាចមានចំណាស់ភាពជាងនេះទៅទៀត ក្រោយមកអក្សរបែបនេះត្រូវបានប្រើប្រាស់និងចចារឹកនៅលើផ្ទាំងសិលាក្នុងសម័យក្រោយៗមកទៀត
ដោយឆ្លងកាត់ដំណើរវិវត្តច្រើនលើកច្រើនសាររហូតមកដល់បច្ចុប្បន្ននេះ៕
No comments:
Post a Comment