ស្ពាន
គឺជាសំណង់បណ្ដោយផ្លូវ ដែលសង់ឡើងដើម្បីធ្វើដំណើរកាត់ប្រឡាយ ស្ទឹង បឹង ទន្លេ
សមុទ្រជាដើម ដើម្បីឆ្លងពីត្រើយម្ខាងទៅម្ខាង។ សម័យបច្ចុប្បន្ន
ស្ពានមិនត្រឹមតែត្រូវបានសង់ឡើងដើម្បីឆ្លងកាត់ស្ទឹង បឹង ទន្លេ សមុទ្រប៉ុណ្ណោះទេ ថែមទាំងអាចសង់នៅកណ្ដាលទីក្រុង
ទីប្រជុំជន ឬទីដែលមានយានយន្តកកកុញផងដែរ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ
កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
សព្វថ្ងៃ
កម្ពុជាមានស្ពានជាច្រើន
ដែលត្រូវបានសង់ឡើងដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ទាំងការធ្វើដំណើរធម្មតា
និងការដឹកជញ្ជូនក្នុងវិស័យសេដ្ឋកិច្ចជាតិ។
ស្ពានសំខាន់ៗរបស់កម្ពុជាបច្ចុប្បន្នរួមមាន៖
១.
ស្ពានអ្នកលឿង : ស្ពាននេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ដែលមានប្រវែង បណ្ដោយ២២១៥ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គក្រោម
ដោយតភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង។ ស្ពាននេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១២
កុម្ភៈ ២០១១ និងកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៥ ចំណាយទឹកប្រាក់អស់ប្រមាណ
១៣០លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានអ្នកលឿង ជាស្ពានមួយតភ្ជាប់ស្រុកពីរ
ស្ថិតនៅត្រើយម្ខាងម្នាក់ នៃស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមរ ខេត្តព្រៃវែង។
២.
ស្ពានកោះកុង (ស្ពានមិត្តភាព កម្ពុជា-ថៃ): ស្ពាននេះមានប្រវែង
១ ៩០០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងកម្ពស់ពីផ្ទៃទឹកប្រវែង ៧ ម៉ែត្រ សង់ឆ្លងកាត់ទន្លេកោះប៉ោ
ក្នុងខេត្តកោះកុង។ ស្ពាននេះសាងសង់ឡើងនៅឆ្នាំ២០០២
និងរួចរាល់ជាស្ថាពរនៅឆ្នាំ.......ជាស្ពានឯកជនយកប្រាក់ពីអ្នកដែលធ្វើដំណើរឆ្លងកាត់។
ស្ពាននេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគរបស់លោកឧកញ៉ា លី យ៉ុងផាត់។
៣.
ស្ពានស្ទឹងត្រែង : មានប្រវែងបណ្ដោយ ១ ៧៣១ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ។
ស្ពាននេះសង់ឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ
ក្រុងស្ទឹងត្រែង ទៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហា។ វាត្រូវបានសាងសង់គិតចាប់ពីថ្ងៃទី១៥
ខែមេសា ឆ្នាំ២០១២ ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ។ ស្ពាននេះចំណាយថវិកាសរុបចំនួន ១១៦,៥ លានដុល្លារ ដែលជាប្រាក់កម្ចីឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
៤. ស្ពានគីហ្សូណា
: មានប្រវែងបណ្ដោយ ១ ៥០០ ម៉ែត្រ និងទទឹង......... ឆ្លងកាត់ទន្លេមេគង្គ
ស្ថិតក្នុងក្រុងកំពង់ចាម នៃទីរួមខេត្តកំពង់ចាម។ ស្ពាននេះសង់ឡើងរយៈពេលបីឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៨
ដល់ឆ្នាំ២០០១ ដោយចំណាយទឹកប្រាក់ជាង ៥៦លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន។
៥.
ស្ពានព្រែកតាមាក់ : មានប្រវែងមបណ្តោយ ១.០៦៦ ម៉ែត្រ និង ទទឹងប្រវែង
១៣,៥០ ម៉ែត្រ។ ស្ពាននេះសង់ឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅក្នុងខេត្តកណ្តាល។
វាត្រូវបានសាងសង់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០០៧
ហើយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១១ ដោយចំណាយថវិកាអស់ចំនួន
៤៣,៥ លានដុល្លារ ដែលជាប្រាក់កម្ចីពីរដ្ឋាភិបាល
សាធារណរដ្ឋប្រជាមានិតចិនចំនួន និងប្រាក់បដិភាគរបស់រដ្ឋាភិបាលកម្ពុជា។
៦.
ស្ពានសេកុង : មានប្រវែងបណ្ដោយ
១០៥៧ម៉ែត្រ និងទទឹងប្រវែង ១១ ម៉ែត្រ កម្ពស់ ២១ ម៉ែត្រ នៅរដូវប្រាំង។ ស្ពាននេះសង់ឆ្លងកាត់ទន្លេមេគង្គ
នៃខេត្តស្ទឹងត្រែង។ ស្ពាននេះបានសាងសង់នៅក្នុងឆ្នាំ២០០៥
ហើយរួចរាល់ជាស្ថាពរនៅឆ្នាំ២០០៨ ដោយចំណាយថវិកាអស់៧៤,៣ លានដុល្លារ
ដែលជាកម្ចីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ៧០លានដុល្លារ និង រដ្ឋាភិបាលកម្ពុជា ៤,៣លានដុល្លារ។
៧.
ស្ពានព្រែកព្នៅ : មានប្រវែង ៩៩៦ម៉ែត្រ និងទទឹងប្រវែង ១៤ ម៉ែត្រ សង់ឡើងឆ្លងកាត់ទន្លេសាប
ស្ថិតក្នុងរាជធានីភ្នំពេញ។ វាត្រូវបានគេសាងសង់ឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា
ឆ្នាំ២០០៨ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ចំណាយថវិកាអស់ចំនួន
៤៣.៥៥០.០០០
ដុល្លារ
ដោយក្រុមហ៊ុនវិនិយោគរបស់ឧកញ៉ា លី យ៉ុង ផាត់។
៨.
ស្ពានព្រែកក្តាម : មានប្រវែង ៩៨១ម៉ែត្រ ទទឹងប្រវែង ១៣,៥០
ម៉ែត្រ និងកម្ពស់ ១០ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ស្ថិតក្នុងខេត្តកណ្តាល។ ស្ពានព្រែកក្តាមបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី
១១ ខែមិថុនា ឆ្នាំ២០០៧ ហើយរួចរាល់ជាស្ថាពរនៅខែមេសា ឆ្នាំ២០១០ ដោយចំណាយថវិកាអស់ចំនួន
២៨,៨ លានដុល្លារ ដែលជាកម្ចីពីរដ្ឋាភិបាលសាធារណរដ្ឋចិន។
៩.
ស្ពានកោះពស់ : មានប្រវែង៩០០ម៉ែត្រ ទទឹងប្រវែង ១២ ម៉ែត្រ និងកម្ពស់ ៣២,៥
ម៉ែត្រ ពីលើផ្ទៃសមុទ្រ ស្ថិតនៅខេត្តព្រះសីហានុ។ ស្ពាននេះបានសាងសង់ឡើងចាប់ពីខែមករា
ឆ្នាំ២០០៨ ហើយបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ ដោយចំណាយថវិកាអស់ចំនួន
៣០០ លានអឺរ៉ូ ជាថវិការបស់ក្រុមហ៊ុនវិនិយោគកោះពស់។
១០.
ស្ពានតាខ្មៅ : មានប្រវែង ៨៥៥ម៉ែត្រ និង ទទឹង ១៣,៥
ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ស្ថិតនៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ខេត្តកណ្តាល។ ស្ពាននេះបានដំណើរការសាងសង់ពីថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០១១ ហើយបញ្ចប់នៅចុងឆ្នាំ២០១៤
ដោយចំណាយថវិកាអស់ចំនួន ៣២,៨៩ លានដុល្លារ ជាប្រាក់កម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន
និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។
១១.
ស្ពានជ្រោយចង្វារទី២ (ស្ពានមិត្តភាពកម្ពុជា-ចិន) មានប្រវែង៧១៩ម៉ែត្រ និង
ទទឹង ១៣,៥ ម៉ែត្រ ឆ្លងកាត់ទន្លេសាប ស្ថិតក្នុងរាជធានីភ្នំពេញ។
ស្ពាននេះបានចាប់ផ្តើមសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០១១ ហើយបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៤
ដែលត្រូវចំណាយថវិកាអស់ចំនួន ២៧,៥ លានដុល្លារ
ដែលជាប្រាក់ឥណទានហិរញ្ញប្បទានពីប្រទេសចិន។
១២.
ស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) មានប្រវែង ៧១០
ម៉ែត្រ ឆ្លងកាត់ទន្លេសាប ស្ថិតក្នុងរាជធានីភ្នំពេញ។ ដើមឡើយស្ពាននេះត្រូវបានសាងសង់ទ្បើងក្នុងរជ្ជកាលព្រះបាទសម្តេច
ព្រះនរោត្តមសីហនុ ក្រោមការជួយឧបត្ថមរបស់ប្រជាជន និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុននៅឆ្នាំ១៩៦២
(ឯកសារខ្លះនិយាយថា១៩៦៦) តែជាអកុសល ដោយសារតែសង្គ្រាមបានចាប់ផ្តើមឆេះរោលរាលនៅក្នុងប្រទេសកម្ពុជា
ស្ពាននេះត្រូវបានគេដាក់គ្រាប់បែកបំផ្ទុះឱ្យខូច និងដាច់ចេញពីគ្នានៅវេលាម៉ោង១២យប់
ក្នុងឆ្នាំ១៩៧៥ ដើម្បីផ្តាច់ទំនាក់ទំនង និងការធ្វើដំណើរឆ្លងកាត់នាពេលនោះ។
ជាថ្មីម្តងទៀតស្ពាននេះត្រូវបានជួសជុល
និងសាងសង់ទ្បើងវិញចាប់ពីខែកញ្ញា
ឆ្នាំ១៩៩២ ហើយរួចរាល់នៅខែកុម្ភៈ ឆ្នាំ១៩៩៤។ ស្ពានជ្រោយចង្វាចាស់នេះមានប្រវែង ៧១០ ម៉ែត្រ ចំណាយថវិកាអស់ចំនួន
២៣,២ លានដុល្លារ ដែលជាប្រាក់ជំនួយរបស់ប្រជាជន
និង រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន
ដោយដាក់ឈ្មោះថា «ស្ពានមិត្តភាពកម្ពុជា-ជប៉ុន» ។
១៣. ស្ពានអាកាសស្ទឹងមានជ័យ
: ជាស្ពានអាកាសទី ៣ ដែលត្រូវបានសង់ឡើងក្នុងរាជធានីភ្នំពេញ។ វាត្រូវបានសង់នៅថ្ងៃទី២៦
ខែវិច្ឆិកា ឆ្នាំ២០១២ ហើយរួចរាល់នៅថ្ងៃទី៣១ ខែ
កក្កដា ឆ្នាំ២០១៤ ដោយចំណាយទឹកប្រាក់សរុបចំនួន ១៨. ៩៧៦.៦៧៨ ដុល្លារ ។
ស្ពានអាកាសស្ទឹងមានជ័យនេះមានរូបរាងដូចជាមេអំបៅ
ត្រូវបានសិក្សាប្លង់មេតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម៖
-សាងសង់ស្ពានអាកាសធំពីបេតុងអារម៉េស្របលើផ្លូវ២៧១
ត្រង់ចំណុចភ្លើងស្តុប មានទទឹងប្រវែង ១៤,៨០ ម៉ែត្រ
សម្រាប់ចរាចរណ៍ទ្វេទិស ដោយមានពីរខ្សែទៅ និង ពីរខ្សែមក។
-សាងសង់ស្ពានអាកាសតូចពីរឯកទិសពីបេតុងអារម៉េ
មានទទឹងប្រវែង ៦,៥០ ម៉ែត្រ និង សាងសង់ស្ពានបេតុងមួយទៀត
ជំនួសស្ពានបាទ្បេ ដែលមានទទឹងប្រវែង ៨ ម៉ែត្រ ។
-អ៊ុតកៅស៊ូអមសងខាងស្ពានមានទទឹងប្រវែងពី
៥,៥០ម៉ែត្រ ទៅ ៧ម៉ែត្រ និងចិញ្ចើម ៣ ម៉ែត្រ ។
-កម្ពស់សុវត្ថិភាពក្រោមស្ពានមានប្រវែង
៥,២០ម៉ែត្រ ។
-ក្រៅពីនេះស្ថាបនាលូ
ច្រាំងបេតុង ជើងទេរប្រឡាយ សួនច្បារ ខឿនបែងចែកទ្រូងស្ពាន ដំទ្បើងបង្គោលភ្លើង
លាបគំនូសចរាចរណ៍ ដាក់ស្លាកសញ្ញាចរាចរណ៍ជាដើម ។
ថវិកាសាងសង់ស្ពាននេះបានមកពីគម្រោងវិនិយោគនៅតំបន់កោះពេជ្រ។
ស្ពាននេះស្ថាបនាដោយក្រុមហ៊ុន O.C.I.C. ជាក្រុមហ៊ុនក្នុងស្រុក។
១៤. ស្ពានអាកាសក្បាលថ្នល់ : ស្ពានអាកាសក្បាលថ្នល់ជាស្ពានអាកាសសាងឡើងមុនដំបូងគេក្នុងរាជធានីភ្នំពេញ។
ស្ពាននេះមានប្រវែងបណ្ដោយ ៣០៨ម៉ែត្រ និងទទឹង ១៤,២ម៉ែត្រ កម្ពស់ ៧,៤ម៉ែត្រ។ វាបានសាងសង់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩ និងរួចរាល់នៅថ្ងៃទី២៤
ខែមិថុនា ឆ្នាំ២០១០ ដោយចំណាយថវិកាអស់ចំនួន ៦.០៤៨.៤២៤ ដុល្លារ ដែលជាថវិការដ្ឋាភិបាលកម្ពុជាតាមរយៈសាលារាជធានីភ្នំពេញ។
១៥. ស្ពានអាកាស
៧ មករា : ស្ពានអាកាស ៧ មករា ត្រូវបានស្ថាបនានៅថ្ងៃទី ២៩ ខែធ្នូ
ឆ្នាំ២០១០ និងរួចរាល់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ ។ ស្ពានអាកាស ៧ មករា ជាស្ពានអាកាសទី២
ក្នុងរាជធានីភ្នំពេញ ដែលមានបណ្តោយប្រវែង ៣៤៥ ម៉ែត្រ និងទទឹង ១៥,២០
ម៉ែត្រ សង់តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី
និងទម្លាក់ខ្នែងជាដៃស្ពានទៅស្របនឹងមហាវិថីកម្ពុជាក្រោមមានបណ្តោយប្រវែង ១៦០ ម៉ែត្រ
និងទទឹង ៦,៥ម៉ែត្រ។ វាត្រូវបានសង់ដោយក្រុមហ៊ុន O.C.I.C. ចំណាយថវិកាអស់ចំនួន ៨,៧០៥,៨០៨
ដុល្លារ ជាថវិកាបានមកពីការជួលដីនៅតំបន់កោះពេជ្រ។
១៦. ស្ពានព្រះមុនីវង្ស : ស្ពានព្រះមុនីវង្សចាស់ត្រូវបានសាងសង់ទ្បើងនៅក្នុងឆ្នាំ
១៩២៩។ ដំបូងទ្បើយស្ពានព្រះមុនីវង្ស ជាស្ពានដែកមានឈ្មោះថា ស្ពានជ្រោយតាឱក។ វាបានបាក់ខូចរូបរាងនៅក្នុងកំលុងទសវត្សរ៍ឆ្នាំ១៩៦០។
ក្រោយមកវាត្រូវបានសាងសង់ជាថ្មីទ្បើងវិញពីបេតុងអារម៉េ ដោយដាក់ឈ្មោះថា «ស្ពានព្រះមុនីវង្ស» រហូតមកដល់សព្វថ្ងៃនេះ។
ស្ពានព្រះមុនីវង្សថ្មីត្រូវបានសាងសង់ឡើងកាលពីថ្ងៃទី២៣
ខែធ្នូ ឆ្នាំ២០០៦ ហើយបញ្ចប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០០៩ ។ ស្ពានព្រះមុនីវង្សថ្មីសង់អែបនឹងស្ពានព្រះមុនីវង្សចាស់
មានប្រវែង ២៦៩,២ម៉ែត្រ និងទទឹងប្រវែង ១៤ម៉ែត្រ ដោយចំណាយថវិកាអស់ចំនួន
១០.៤៨៩.០៩៧ ដុល្លារ ជាថវិការបស់រដ្ឋាភិបាលកម្ពុជាតាមរយៈសាលារាជធានីភ្នំពេញ។
No comments:
Post a Comment