ប្រសាទបន្ទាយស្រី
បន្ទាយស្រីគឺជាប្រាសាទដ៏វិចិត្រមួយដែលស្ថិតនៅក្នុងភូមិបន្ទាយស្រី
ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ចំងាយ៣៩គីឡូម៉ែត្រភាគខាងជើងពីក្រុងសៀមរាប
ឃ្លាតពីស្រះស្រង់២៧គីឡូម៉ែត្រ និងមានចម្ងាយ៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលេន។
ប្រាសាទនេះត្រូវបានកសាងឡើងក្នុងស.វ.ទី១០
នៅគ្រិស្តសករាជ៩៦៧ ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នទី២ (៩៤៤-៩៦៨) ហើយប្រហែលជាត្រូវបានកសាងបញ្ចប់នៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៥(៩៦៨-១០០២)
ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះកសាងឡើងមុនប្រាសាទអង្គរវត្តនិងអង្គរធំទៅទៀត ដោយការរចនាប្លង់របស់ព្រាហ្មណ៍ម្នាក់ឈ្មោះ
យជ្ញវរាហៈ ដែលក្រោយមកគាត់បានក្លាយជាព្រះរាជគូ្ររបស់ព្រះបាទជ័យវរ្ម័នទី៥។
ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា
"ឥស្វរបុរៈ" ប្រែថា "បុរីព្រះឥសូរ" ប៉ុនែ្តសម័យ
ក្រោយៗមកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែវាមានរាងតូចច្រឡឹង មានក្បូរក្បាច់រចនាដ៏ស្រស់ស្អាត
រស់រវើកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូក ហើយដោយមានរូបទេពអប្សរទន់ភ្លន់ដូចស្រីគ្រប់លក្ខណ៍។
ប្រាសាទបន្ទាយស្រីធ្វើអំពីថ្មភក់ពណ៌ស៊ីជម្ពូ
និងរំលេចដោយអប្សរាចំនួន១៥០០អង្គ ដែលអប្សរាទាំងអស់សុទ្ធតែខុសគ្នា
ហើយលើសពីនេះសិលាចារឹកផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អឯកបីដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់ឬលើស្ពាន់ដូច្នោះដែរ។
ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ៣ជាន់ មានទីលានក្រាលថ្មវែងទៅទិសខាងកើត
និងមានគោបុរៈប្រកបដោយក្បាច់វិចិត្រ។ នៅចំកណ្តាលទីលានមានរោងទងខ្វាត់ខ្វែងជាក្រឡាចត្រង្គចេញទៅខាងជើងមួយ
និងចេញទៅខាងត្បូងបីដែលសុទ្ធសឹងប្រកបដោយក្បាច់រចនាយ៉ាងវិសេសវិសាល។ ប៉ុន្តែសព្វថ្ងៃនេះ
ក្បាច់ចម្លាក់មួយចំនួនបាក់ធ្លាក់ស្ទើរគ្មានសល់ គឺនៅសល់តែសរសរច្រូងច្រាងគួរអោយស្តាយ។
ប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាបថយ៉ាងឆើតឆាយ
មានសន្ទឹកភ្ញីវល្លិវិលវង់ល្អិតឆ្មាររស់រវីក ដែលមើលទៅគួរឱ្យមន្ទិលថា ប្រហែលជាទេពនិមិ្មតទេដឹង។
រៀបរៀងដោយ លីដា អំណត់
No comments:
Post a Comment