អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Monday, July 4, 2016

ព្រះបរមរាជវាំងខ្មែរ

ព្រះបរមរាជវាំងខ្មែរ











ព្រះបរមរាជវាំងខ្មែរកសាងបែរមុខទៅទិសខាងកើត ទល់មុខទន្លេចតុមុខ  ហើយស្ថិតនៅត្រង់ចំណុច​ប្រសព្វនៃទន្លេ​ទាំងបួន គឺទន្លេមេគង្គលើ  ទន្លេមេគង្គ​ក្រោម ទន្លេបាសាក់ និងទន្លេសាប។ ការស្ថាបនាព្​រះបរមរាជវាំងចុងក្រោយ​បាន​រៀបចំឡើងនៅក្រុងភ្នំពេញចំនួនពីរលើក គឺលើកទី១នៅឆ្នាំ១៤៣៤ ក្នុងរាជ្យព្រះបាទពញា​យ៉ាត និងលើកទី២​ឆ្នាំ១៨៦៦ក្នុងរាជព្រះបាទនរោត្តម និងត្រូវរុះរើសាងសង់ជាថ្មីនៅឆ្នាំ ១៩១៣ ក្នុងរាជ្យព្រះបាទស៊ីសុវត្​ថិរហូតមក​ដល់សព្វ​ថ្ងៃដោយមានឈ្មោះថា ចតុមុខមង្គលមហានគរ។ 

ព្រះបរមរាជវាំងមានកំពែងព័ទ្ធជុំវិញប្រវែងសរុប ១៧៧២ ម៉ែត្រ។ កំពែងខាងកើតប្រវែង៤២១ម៉ែត្រ  និង​កំពែង​ខាងលិចប្រវែង៤៣៥ម៉ែត្រ កំពែងខាងជើងប្រវែង៤៨៤ម៉ែត្រ និងខាងត្បូងប្រ​វែង ៤៣២ម៉ែត្រ។ កំពែងទាំង​នេះ​លំអទៅដោយសន្លឹកសីមានៅខាងមុខ ដែលបានកសាងឡើងនៅឆ្នាំ១៨៦៦ ដល់១៨៧០ ក្នុងរជ្ជកាលព្រះ​បាទ​នរោត្តម​  ។

ព្រះបរមរាជវាំងកសាងតាមរចនាបបាយ័ន ដែលមានខ្លោងទ្វារចេញចូលចំនួន​៥ ហើយទ្វារទាំង៥នោះត្រូវ​បានគេសង់មិនអោយចាក់ចំគ្នាឡើយ។ នៅប្រា​សាទបាយ័ន ទ្វារជ័យ និងទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារ​ខ្មោច​នៅ​ខាងស្តាំទ្វារជ័យ ឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើតដែរ តែ​ទ្វារខ្មោចស្ថិតនៅ​ទិសខាង​ជើងទៅវិញ។ ទ្វារខ្មោចនេះត្រូវអនុញ្ញាតអោយប្រើ​តែពេលណាមានព្រះមហាក្សត្រចូលទិវង្គត​ប៉ុណ្ណោះ ដើម្បីដង្ហែ​ព្រះសពទៅធ្វើព្រះរាជ​ឈាបនកិច្ចនៅឯទីវាលមេរុ។ 

សំណង់ទាំងអស់ក្នុងព្រះបរមរាជវាំងត្រូវបានគេកសាង​ឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដែលរចនាឡើង​ដោយ​អ្នក​​ឧកញ៉ា ទេពនិ​មិ្មត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើនមានរាងបង្អួតសង្ហទៅតាម​ក្បូរក្បាច់រចនា​ដោយ​មានកំពូលច្រើនជាន់ ប្រក់ក្បើងពណ៌មាស​ និងមានប្រាង្គ​កណ្តាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើជា​និមិត្តរូបនៃភាពរីកចម្រើនឥតឈប់ឈរ។ ព្រះបរមរាជវាំងត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំង​មូល ហើយរាល់​ប្រាសាទទាំង​អស់នៅក្នុងព្រះបរមរាជវាំងត្រូវបានគេលាប​ដោយពណ៌លឿងតំណាងអោយ​ព្រះពុទ្ធសាសនា​និង​ពណ៌​​​ស​តំណាងអោយព្រហ្មញ្ញសាសនា។  ប្រាសាទទាំងឡាយដែលមាននៅក្នុងព្រះបរមរាជវាំងមាន៖
        ១.ប្រាសាទទេវាវិនិច្ឆ័យ : សាងសង់ក្នុងរាជព្រះបាទ ស៊ីសុវត្ថិ ក្នុងឆ្នាំ១៩១៣ ដល់​ ១៩១៧ មានបណ្តោយ​ ៦០ម. ទទឹង ៣០ម. និងកំពស់សរុបទាំងកំពូល​ស្រួច ៥៩ម. ជាព្រះទីនាំងសម្រាប់៖ 
• ពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ
• ព្រះរាជពិធីបុណ្យទ្វារទសមាស
• ព្រះរាជសាវនាការថ្វាយសារតាំង
• ពិធីសច្ចាប្រណិធាន
• ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ ។    
     ​   ២. ព្រះមហាប្រាសាទខេមរិន្ទ : ស្ថិតនៅខាងលិចឈៀងខាងជើងប្រាសាទ​ទេវាវិនិ​ច្ឆ័យ កសាងក្នុងឆ្នាំ ១៩២៧ដល់ ១៩៣០ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ 
         ៣. ប្រាសាទហោសំរាន្តភិរម្យ : ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យ កសាងឡើងនៅឆ្នាំ ១៩១៥ ដល់ ១៩១៧ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ជាកន្លែងទុក​ឧបករណ៍តន្ត្រីបរាណ និងប្រពៃណីខ្មែរ
        ៤. ប្រាសាទច័ន្ទឆាយា ​ : ស្ថិតនៅជាប់កំពែងខាងមុខ ឈៀងខាងជើងព្រះបរមរាជវាំង។ កសាងនៅឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ បច្ចុប្បន្ន ប្រាសាទនេះសម្រាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទតការហែ​ក្បួន​​ព្យុហយាត្រានៃថ្ងៃបុណ្យកងទ័ពជាតិ និងជាវេទិកាកិត្តិយសពេលដែលព្រះមហាក្សត្រទ្រង់ថ្លែងសុន្ទរកថា​ទៅកាន់​ប្រជានុរាស្ត្ររបស់ទ្រង់នៅពេលមានពិធី​សំខាន់ៗ
       ៥. ប្រាសាទសំរទ្ធភិមាន រឺហោព្រះខ័ន : ប្រាសាទនេះស្ថិតនៅខាងត្បូងប្រា​សាទទេវាវិនិច្ឆ័យ ដែល​ត្រូវបាន​កសាងឡើងតំណាលគ្នានិងប្រាសាទហោសំរាន្តភិរម្យដែរ គឺនៅឆ្នាំ១៩១៥ ដល់ ១៩១៧ ។ ប្រាសាទនេះប្រើសម្រាប់​តម្កល់គ្រឿងបញ្ចកកុដភណ្ឌ ដែលរួមមាន ព្រះខ័នរាជ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះលំពែងជ័យ ព្រះវាលវិជនី ។
       ៦. ព្រះទីនាំងភោជនីយ : សាងឡើងនៅឆ្នាំ ១៩១៣ ដល់ ១៩១៧ សម្រាប់ប្រារព្ធពិធីលៀងសយភោជន ក្នុងពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ និងសម្រាប់​ការសំដែងសិល្បៈផ្សេងៗ។
 ៧.វិមានស្តេចណាប៉ូឡេអុងទី៣ : វិមាននេះកសាងឡើងដោយដែកមានលម្អដោយនាឡិកាមួយដ៏ធំ សម្រាប់រាជនីជាព្រះជាយារបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ ព្រះនាមព្រះអធិរាជនី អីហ្សនី នៅពេលបើកសម្ពោធព្រែកជីក​ស៊ុយអេ នៅឆ្នាំ១៨៦៩ 
      ៨. ព្រះរាជតំណាក់ច័ន្ទ : ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុង កសាងឡើងនៅឆ្នាំ ១៩៥៤ ដល់ ១៩៥៩ ក្នុងរាជព្រះបាទនរោត្តមសុរាម្រឹតក្រោយការ​ដាក់រាជ្យ៤ឆ្នាំរបស់ព្រះករុណាព្រះបាទសម្តេចនរោត្តម​សីហនុ ដែលបាន​ដាក់​​រាជ្យនៅថ្ងៃទី ៣ មិនា ១៩៥៥ ។ ប្រាសាទនេះចែកជាពីរជាន់គឺជាន់ទីមួយសម្រាប់​ទុកគ្រឿងអលង្ការក្រុមរបាំព្រះ​រាជ​ទ្រព្យ ព្រះពស្ត្រ និងវត្ថុអនុស្សាវរីយ៍ទូត។ ឯជាន់ទី២ នៅខាងត្បូង រៀបចំជាការិយាល័យរបស់មន្ត្រីក្រសួងព្រះបរម​រាជវាំង  និងជាព្រះរាជការិយាល័យព្រះប្រមុខរដ្ឋសម្តេចព្រះនរោត្តមសីហនុ។ បច្ចុប្បន្ន​ ព្រះរាជតំណាក់ច័ន្ទជាមន្ទីរ​ការិយាល័យ​រដ្ឋបាលនៃក្រសួងព្រះបរមរាជវាំង
៩.ព្រះវិហារព្រះកែវមរកត : ព្រះវិហារព្រះកែវមរកតមានតម្កល់ព្រះបដិមាមួយអង្គសាងអំពីត្បូងកែវមានតម្លៃ ដែលមានពណ៌ដូចមរកត រូបព្រះកែវពិតត្រូវបានសៀមប្រមូលយកទៅជាមួយរូបព្រះគោ នៅពេលសៀមវាយលុកក្រុងអង្គរនៅឆ្នាំ១៤២០។ ព្រះវិហារព្រះកែវមរកតនេះត្រូវបានកសាងឡើង​ដោយឈើក្នុងរាជ្យ​ព្រះបាទនរោត្តម ឆ្នាំ១៨៩២ រួចសាងសង់ជាថ្មីឡើងវិញ អំ​ពីថ្មក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦​២ ។ ព្រះបាទនរោត្តមធ្លាប់សាងព្រះផ្នួសមួយវស្សាគឺនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ១៩៤៧  ហើយទ្រង់គង់នៅទីនេះ
   ១០. សារមន្ទីរោងដំរី : សាងនៅឆ្នាំ ១៨៩២ ស្ថិតនៅខាងត្បូងព្រះវិហារព្រះ​កែវមរកត ជាប់របងព្រះបរមរាជវាំង ។ ទីនេះសម្រាប់ដាក់ប្រដាប់ប្រដាហែក្បនដំរី ហើយវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរដែលរួមមានសាលពិព័រពណ៍ រូបថត ផ្ទះបរាណខ្មែរ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ផ្ទះបរាណចំនួនពីរ រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ សាលតាំង និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ៕


ដោយ : លីដា អំណត់

No comments:

Post a Comment