អក្សរសាស្ត្រ វប្បធម៌ អរិយធម៌

Thursday, July 28, 2016

ទង់ជាតិខ្មែរ




រូបទង់ជាតិនៅក្នុងឧបសម្ពន្ធ១ នៃច្បាប់រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣

   ទង់ជាតិខ្មែរបច្ចុប្បន្នត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣ ដែលមានកំណត់រូបភាព នៅក្នុងឧបសម្ពន្ធ១ នៃច្បាប់រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣។ ទង់ជាតិខ្មែរ​បច្ចុប្បន្នមានរាងបួនជ្រុងទ្រវែង ឬចតុកោណកែង  ដែលមានពណ៌ខៀវអមសងខាងពីលើ​និងពីក្រោមស្របគ្នាមានទំហំ១/៤។ ពណ៌ក្រហមនៅចំកណ្តាលមានទំហំ២/៤ និងមានរូបប្រា​សាទអង្គរវត្តមើលឃើញតែកំពូលបីដែលមានពណ៌ស ហើយស្ថិតនៅចំពាក់​កណ្តាលពណ៌​ក្រហមនេះ ។ ពណ៌នីមួយៗរបស់ទង់ជាតិខ្មែរមានអត្ថន័យដូចតទៅ៖
        ១. ពណ៌ខៀវ តំណាងអោយសេចក្តីរុងរឿង ថ្លៃថ្នូរ សុចរិត យុត្តិធម៌ និងសេចក្តីស្មោះ​ត្រង់​របស់ប្រទេសជាតិ ។
       ២. ពណ៌ក្រហម តំណាងអោយសេចក្តីអង់អាចក្លាហាន ឆន្ទៈមោះមុត ហ៊ានប្រយុទ្ធ និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ។
       ៣. ពណ៌ស រូបប្រាសាទកំពូលត្រីសូល៍ ជាតំណាងសេចក្តីបរិសុទ្ធ បញ្ញាញាណ ទេពកោសល្យ​ឧត្តុង្គឧត្តម  អរិយធម៌ជះពន្លឺល្បីល្បាញ ឯករាជ្យភាព បូរណភាពទឹកដី និងអធិបតេយ្យរបស់ជាតិ៕   

ប្រាសាទបាយ័ន


      ប្រាសាទបាយ័ន បេះដូងនៃរាជធានីអង្គរធំគឺជាមហាសំណង់ដ៏អស្ចារ្យមួយក្នុងចំណោម មហាសំណង់ផ្សេងៗទៀតក្នុងខេត្តសៀមរាប។ ប្រាសាទមួយនេះស្ថិតនៅចំកណ្ដាលទីក្រុងអង្គរ ធំ ដែលគេហៅថា ជាផ្ចិតនៃ​​រាជធានី។ មហាសំណង់ដ៏អស្ចារ្យនេះត្រូវបានកសាងឡើងនៅចុង​សតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៩)។
            ខុសពីបា្រសាទដទៃទៀតដែលតែងតែសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា បាយ័នជាប្រាសាទធំជាងគេបំផុតដែលបានសង់ឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ គេដឹងរឿងនេះដោយសារ នៅគ.ស.១៩២៤ លោក ហង់រី ប៉ាម៉ង់ទីយេ (Henri Parmentier) អ្នកស្រាវជ្រាវជនជាតិបារាំង បានរកឃើញចម្លាក់រូបព្រះពោធិសត្វលោកេស្វរៈ នៅហោជាងនៃថែវប្រាសាទ។ ក្រោយមក នៅគ.ស.១៩២៥ លោកល្វី ហ្វីណូត (Louis Finot) បានសរសេរថា “នៅចំពោះមុខសាក្សីរូបចម្លាក់ដ៏ច្បាស់ក្រឡែតនេះ យើងអាចសន្និដ្ឋានបានថា ប្រាសាទបាយ័ន ពុំមែនឧទ្ទិសដល់ព្រហ្មញ្ញសាសនាទេ តែជាប្រាសាទពុទ្ធសាសនា ឧទ្ទិសដល់ពោធិសត្វលោកេស្វរៈ[1]។ នៅឆ្នាំ១៩៣២ គេបានរកឃើញពុទ្ធបដិមានាគប្រក់ដ៏ធំមួយអង្គនៅប្រាង្គកណ្ដាលនៃប្រាសាទនេះ ដែលធ្វើអោយគេសន្និដ្ឋានថា នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានការផ្លាស់ប្តូរពីលទ្ធិទេវរាជទៅលទ្ធិពុទ្ធរាជ។ រឿងនេះវាជាការពិត ព្រោះថា ព្រះបាទជ័យវរ្ម័នទី៧ និងមហេសីទាំងពីរព្រះអង្គ គឺជាពុទ្ធសាសនិក ដែលបានដឹកនាំប្រទេសតាមបែបពុទ្ធសាសនា។ ហេតុនេះហើយបានជា​ប្រាសាទបាយ័នមានមុខបួនដែលតំណាងអោយព្រហ្មវិហារធម៌នេះឯង។
            ប្រាសាទ​នេះ​មានតួ​ប៉ម​ឬប្រាង្គ ៤៩កំពូល និង​កំពូល​ក្លោង​ទ្វារ​ចូល ៥ ទៀត សរុប​ទាំង​អស់ ៥៤ កំពូល ដែល​តំណាង​អោយ​ខេត្ត​ក្រុង​ខ្មែរ ទាំង ៥៤ នៅ​សម័យ​កាល​នោះ។ កំពូលនីមួយៗមានមុខបួន ដែល​អ្នក​ប្រាជ្ញ​មួយ​ចំនួន​បាន​គិត​ថា មុខ​ទាំង ៤ នោះ​តំណាង​ឲ្យ​ព្រះ​ពោធិសត្វ​លោកេស្វរៈ  អ្នក​ខ្លះ​ទៀត​គិត​ថា ជា​រូប​តំណាងព្រះភក្ត្រ​ព្រះ​បាទ​ជយវរ្ម័នទី៧។ ឯអ្នកខ្លះទៀតគិតថា ព្រះភក្ត្រទាំងបួននោះតំណាងអោយព្រហ្មវិហារធម៌ទាំងបួនមាន មេត្តា ករុណា មុទិតា និងឧបេក្ខា។ ប្រាសាទ​បាយ័ន​មាន​ប្លង់​៤​ថ្នាក់ ហើយមុខព្រហ្មទាំង៤នៃកំពូលប្រាង្គតាមថ្នាក់នីមួយៗ តំណាងអោយព្រហ្មវិហាររបស់របស់វណ្ណៈ៤គឺ ព្រហ្មវិហារធម៌របស់ព្រះមហាក្សត្រ មន្ត្រី មាតាបិតាឬគ្រូអាចារ្យ និងអ្នកការពារជាតិ(កងទ័ព)។
            មុខព្រហ្មថ្នាក់ទី១ (ថ្នាក់ទី១ រាប់ពីលើចុះមកក្រោម) ដែលខ្ពស់ជាងគេ ធំជាងគេ កណ្ដាលគេ គឺតំណាងអោយព្រហ្មវិហារធម៌របស់ព្រះមហាក្សត្រចំពោះអ្នកខាងក្រោម មានមន្ត្រីរាជការ ប្រជានុរាស្ត្រ និយាយរួមគឺចំពោះប្រទេសជាតិទាំងមូល។
            មុខព្រហ្មថ្នាក់ទី២ (ថ្នាក់ទី២ រាប់ពីលើចុះមកក្រោម) តំណាងអោយព្រហ្មវិហារធម៌ និងគតិធម៌៤ របស់សេនាបតី មន្ត្រីរាជការ អាមាត្យ បុរោហិត ចំពោះអ្នកក្រោមឱវាទ និងប្រជានុរាស្ត្រ។
            មុខព្រហ្មថ្នាក់ទី៣ (ថ្នាក់ទី៣ រាប់ពីលើចុះក្រោម) តំណាងអោយព្រហ្មវិហារធម៌ និងគតិធម៌ទាំង៤របស់អ្នកទទួលខុសត្រូវក្នុងសង្គមដូចជា មាតាបិតា ញាតិកា គ្រូអាចារ្យ ចៅហ្វាយ នាយកើយ ចំពោះកូនចៅ ផៅសន្តាន។
            មុខព្រហ្មថ្នាក់ទី៤ (មុខព្រហ្មនៅលើខ្លោងទ្វារ និងកំពែងព័ទ្ធជុំវិញ) តំណាងអោយព្រហ្មវិហារធម៌ និងគតិធម៌របស់អ្នកយាម អ្នកការពារប្រទេស មានកងទ័ព ទាហានគ្រប់ប្រភេទដែលត្រូវមានធម៌ទាំង២នេះជាប់ខ្លួនជានិច្ច ទើបការបម្រើជាតិប្រកបដោយគុណធម៌ និងសេចក្តីសុខសប្បាយ។
            ជារួមមក ព្រះភក្ត្រញញឹមនៅលើប្រាង្គទាំង៥៤នៃប្រាសាទបាយ័ន គឺតំណាងអោយយន្តការដឹកនាំពីថ្នាក់លើមកដល់ថ្នាក់ក្រោម ទូទាំងអាណាខេត្តទាំងអស់ក្នុងសម័យរបស់ព្រះបាទជ័យវរ្ម័នទី៧នេះឯង៕                                                                                                                          រៀបរៀងដោយ លីដា អំណត់


[1] . សូមអាន អាថ៌កំបាំង និងអត្ថន័យនៃប្រាសាទបាយ័ន, រស់ ណុល ។