ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៦៣។ វាអាចផ្ទុកអ្នកទស្សនាបានចំនួនជាង៥ម៉ឺននាក់។ វាត្រូវបានរចនាប្លង់ឡើងដោយស្ថបត្យករខ្មែរដ៏ល្បីល្បាញគឺលោក វណ្ណ ម៉ូលីវណ្ណ។ ដើមហេតុដែលនាំអោយមានការកសាងពហុកីឡដ្ឋាននេះឡើងគឺដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡា ឧបទ្វីបអាស៊ីអាគ្នេយ៍ (សព្វថ្ងៃដូរទៅជាកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម) នៅឆ្នាំ១៩៦៣។ ប៉ុន្តែ កាលនោះ ព្រឹត្តិការណ៍នេះត្រូវបានលុបចោលទៅវិញដោយសារបញ្ហានយោបាយកម្ពុជា។ ក្រោយមក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦៤ វាត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ។
នៅសម័យខ្មែរក្រហម
កីឡដ្ឋាននេះបានក្លាយទៅជាគុកសម្រាប់ឃុំឃាំងមន្ត្រីរដ្ឋបាលសម័យ លន់ នល់
ហើយបានវារងការទ្រុឌទ្រោមអស់ច្រើទសវត្សរ៍។ ក្រោយមកទៀត នៅឆ្នាំ២០០០ ពហុកីឡដ្ឋាននេះត្រូវបានអភិវឌ្ឍជួសជុលឡើងវិញដោយក្រុមហ៊ុន
Yuanta Group របស់តៃវ៉ាន់ ហើយថែមទាំងបានសាងសង់ផ្ទះល្វែង និងស្តង់លក់ទំនិញនៅជុំវិញទៀតផង
ដែលជាហេតុធ្វើអោយមានការរិះគន់យ៉ាងខ្លាំងពីសាធារណជនទូទៅ។
ពហុកីឡដ្ឋាននេះគឺជាកម្មសិទ្ធិរដ្ឋ
ហើយធ្លាប់ត្រូវបានប្រើប្រាស់ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាមិត្តមួយចំនួន
ជាកន្លែងប្រារព្ឋពិធីផ្សេងៗរបស់រដ្ឋ និងជាកន្លែងហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិកម្ពុជា។
ចាប់ពីឆ្នាំ២០០៧ ពហុកីឡដ្ឋាននេះជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្រុងភ្នំពេញ
ដែលតែងតែមកហាត់ប្រាណ លេងកីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀតជារៀងរាល់ថ្ងៃ។
នៅខែវិច្ឆិកា-ធ្នូ ឆ្នាំ២០០៧ អង្គការកីឡាបាល់ទះជនពិការពិភពលោកបានប្រារព្ធការប្រកួតពានរង្វាន់ពិភពលោករបស់ខ្លួននៅពហុកីឡដ្ឋាននេះ
ហើយនោះជាលើកទីមួយដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ។
មកដល់ឆ្នាំ២០១៦ សន្ទុះនៃការគាំទ្រកីឡាបាល់ទាត់កម្ពុជាបានកើនឡើងជាលំដាប់រហូតបានក្លាយទៅជាប្រទេសដែលមានអ្នកគាំទ្រកីឡាបាល់ទាត់ច្រើនលំដាប់លេខ២នៅទ្វីបអាស៊ី
បន្ទាប់ពីប្រទេសជប៉ុន៕
ដោយ លីដា អំណត់